មេតុងទីនក្បាលខូច កើបលុយជិត ១០មុឺនដុល្លារ រត់គេចខ្លួនបាត់ស្រមោល

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មានជនរងគ្រោះចំនួន ៨នាក់ និងច្រើននាក់ផ្សេងទៀតមិនហ៊ានចេញមុខ បានដាក់បណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទាររកយុត្តិធម៌ ខណៈជនដែលរងបទចោទបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ។
យោងតាមពាក្យបណ្តឹងលេខ ៧០៦៩ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ ដែលសារព័ត៌មានទទួលពីជនរងគ្រោះបានឱ្យដឹងថា៖ អំឡុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជនរងគ្រោះទាំងអស់បាននាំគ្នាលេងតុងទីនចំនួន ៧៦ក្បាល ក្នុង១ក្បាលៗ លេងចាប់ពី ២៥ដុល្លារ រហូតដល់១០០ដុល្លារ ដោយមានមេតុងទីន ឈ្មោះ គៀម ស្រី (ហៅ ម៉ា) ភេទស្រី ជនជាតិខ្មែរ កើតនៅឆ្នាំ១៩៦០ និងមានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ចុងភៅ តាន់ហ្វត។
ក្នុងបណ្តឹងបញ្ជាក់បន្ថែមទៀតថា៖ លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កូនតុងទីនឈ្មោះ ផៃ ភារ៉ា ភេទស្រី ដែលត្រូវជាវេនដេញបាន ដែលមានទឹកប្រាក់ត្រូវបានសរុប ប្រាំបីមុឺមួយពាន់មួយរយម្ភៃប្រាំដុល្លារ (81125$) ពេលដែលជនរងគ្រោះ ផៃ ភារ៉ា ត្រូវដល់ពេលទទួលលុយ ស្រាប់តែមេតុងទីនឈ្មោះ គៀម ស្រី រត់គេចខ្លួនបិទលេខទូរស័ព្ទខលលែងចូលតែម្តង។
បន្ទាប់ពីមេតុងទីនវេចលុយរត់គេចខ្លួនបាត់ស្រមោល ទើបជនរងគ្រោះទាំងអស់នោះ ភ្ញាក់ខ្លួនគ្រប់គ្នាៗនិងដឹងថាត្រូវមេតុងទីនបោក ក៏នាំមតិគ្នាដាក់បណ្តឹងចូលមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យច្បាប់ស្រាវជ្រាវរកយុត្តិធម៌ជូនពួកគាត់។
ជនរងគ្រោះទាំងអស់ស្នើសុំឱ្យតុលាការ រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំពោះមេតុងទីន ឈ្មោះ គៀម ស្រី និងទាមទារសំណងជំងឺចិត្ត សូមតុលាការរាជធានីភ្នំពេញ ជួយរកយុត្តិធម៌ជូនពួកគាត់ផង។
ព័ត៌មាននេះ ក៏ជាសារដាស់តឿន ទៅកាន់សារធារណៈជន ប្រជាជនគ្រប់រូប ដាច់ខាតកុំនាំគ្នាលេងតុងទីន ពីព្រោះការលេងតុងទីន គឺជាអំពើដែលច្បាប់មិនអនុញ្ញាត ហើយការលេងតុងទីនភាគីច្រើនគឺកើតទៅជាអំពើឆបោក មិត្តក្បត់មិត្ត ទំនុកចិត្តបាត់បង់ ដូចធ្លាប់មានជាក់ស្ដែងជារើយៗមកហើយ! ចុងក្រោយសង្ឃឹថាស្ថាប័នច្បាប់និងស្រាវជ្រាវស្វែងរកមុខមេតុងទីនជើងល្អខាងលើ ដើម្បីយកមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕












No comments