តើអ្នកណា? ហ៊ានលួចចុះវាស់ដី បាញ់GPS ដើម្បីធ្វើប្លង់រឹងលើដីសាធារណ ខណៈមន្ត្រីភូមិបាលខណ្ឌដង្កោ បដិសេធថាមិនបានដឹង

[Update] ដីសាធារណៈ «ដីស្រះទឹក» ទំហំជាង១ហិកតា ស្ថិតនៅត្រង់ចំណុចភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានមេភូមិ ឈ្មោះ ទូច តាំងស្រួ រួមទាំងបក្ខពួកយកលក់ទៅឲ្យឈ្មួញដោយទំនើងចិត្ត និងគ្មានការឆ្លងកាត់ឬវាយតម្លៃពីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានបញ្ជាក់ថា៖ «ដីត្រង់ចំណុចខាងលើ នេះគឺ ឃើញមានក្រុមវាស់វែងមួយក្រុម ដែលក្រុមនោះអះអាងថាមន្ត្រីជំនាញផ្នែកភូមិបាល និងបានចុះមកធ្វើការវាស់វែងដី បាញ់-GPS ដើម្បីរៀបចំកសាងឯកសារធ្វើប្លង់កម្មសិទ្ធិឲ្យទៅឈ្មួញដែលគេដឹងថាជាឧកញ៉ាលាក់មុខ!!
យ៉ាងណាការលួចចុះវាស់វែងដោយមន្ត្រីអាថ៍កំបាំង ទាំងនោះ ស្របពេលដែលអាថ៍កំបាំងនិងភាពមិនប្រក្រតីជាច្រើន ត្រូវបែកធ្លាយជាសាធារណៈ ខណៈការពិតដីត្រង់ចំណុចនោះ គឺជាសាធារណៈ «ដីស្រះទឹករួម» ដែលមានការលួចលក់ដោយខុសច្បាប់ ពីសំណាក់ មេភូមិរកាកុះ និងបក្ខពួកចំនួន១៧នាក់ផ្សេងទៀត ដែលគេស្គាល់ថាជាក្រុមគណៈកម្មការភូមិ។
ពាក់ព័ន្ធទៅនឹងការលួចលក់ដីចំណុចដដែលខាងលើ លោក ប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌដង្កោ បំភ្លឺប្រាប់សារព័ត៌មាន «កងមាស News» ឱ្យដឹងកាលពីថ្ងៃទី១០មីនា ២០២៦ នេះថា «អត់បានដឹងទេរឿងលក់ដីសាធារណៈមួយនេះ ព្រោះរូបលោកពាក់ព័ន្ធតែរឿងការងារចុះបញ្ជីប៉ុណ្ណោះ រីឯរឿងដីមិនទាន់ចុះបញ្ជីលោកមិនដឹងទេគឺមិនពាក់ព័ន្ធ ហើយករណីចុះវាស់វែងបាញ់ GPS រូបលោកក៏មិនដឹងដែល និងបានប្រាប់សារព័ត៌មានឱ្យសួរទៅអាជ្ញាធរខណ្ឌ»។
យ៉ាងណាករណីនេះក្រុមការងារសារព័ត៌មានយើង មិនអាចសុំការបកស្រាយពីលោកស្រី គឹម ញឹបអភិបាលខណ្ឌដង្កោ បាននោះទេនៅរសៀលនេះ ខណៈទូរស័ព្ទលោកស្រីខលចូលប៉ុន្តែគ្មានអ្នកទទួល។
សូមបញ្ជាក់ថា៖ ដីស្រះទឹករួមភូមិចំណុចខាងលើ លោក ទូច តាំងស្រួ មេភូមិរកាកុះ សង្កាត់ព្រៃស និងក្រុមគណៈកម្មការភូមិ «សុទ្ធតែបានឆ្លើយអះអាងថា ពិតជាបានលក់ពិតប្រាកដមែន» ខណៈលោក សួង សំអុល ចៅសង្កាត់ព្រៃស ឆ្លើយប្រាប់សារព័ត៌មានថា «អត់បានដឹងរឿងលក់ដីនេះទេ»។
ភាពមិនប្រក្រតី បានបង្ហាញជាសាធារណៈ ដែលមេភូមិរកាកុះនិងបក្ខពួកទាំងអស់នោះ គុបគិតគ្នាលក់ដីស្រះទឹក ដោយគ្មានការឆ្លងកាត់ ឬ វាយតម្លៃដោយមន្ត្រីជំនាញ ជាពិសេសការលក់ដីនេះ ត្រូវបានប្រភពបង្ហើបថា លក់ឲ្យទៅឧកញ៉ាម្នាក់ដែលសុំមិនបង្ហាញឈ្មោះ ហើយលុយកក់ដែលបានពីការលក់ដីគឺយកចែកគ្នាតូចចែកតាមតូចធំចែកតាមធំ។
ករណីខាងលើនេះ មហាជនជាច្រើនសូមអំពាវនាវ ទៅកាន់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ចំពោះការយកដីសាធារណៈលក់ទាំងទំនើងចិត្តពីសំណាក់មេភូមិនិងក្រុមគណៈកម្មការទាំងអស់នោះផងទាន៕














No comments